គ្រូ​ Lanexang ពឹង​លើ​គន្លឹះ​សំខាន់​៣​ដើម្បី​យក​ឈ្នះ​បឹងកេត​ស្អែក​


គ្រូ​បង្វឹក​ទាំង​ពីរ​ចាប់​ដៃ​គ្នា​
លោក​ Leonardo Vitorino គ្រូ​បង្វឹក​ Lanexang United​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​​ព្រឹក​មិញ​នេះ​ថា​ លោក​មក​​កម្ពុជា​ដើម្បី​ឈ្នះ​ និង​មក​ដើម្បី​លេង​បាល់ទាត់។ លោក​មិន​ខ្វល់​​ពី​ក្រុម​របស់​លោក​​ថា​តើ​មាន​តារា​ឆ្នើម​ ឬ​អត់​នោះ​ទេ​ ប៉ុន្តែ​លោក​​ផ្តោត​សំខាន់​លើ​គន្លឹះ​៣​យ៉ាង​ដែល​អាច​យក​ឈ្នះ​ក្រុម​បឹងកេត​អង្គរ​បាន។ គន្លឹះ​សំខាន់​ដែល​ក្រុម​របស់​លោក​ត្រូវ​ធ្វើ​គឺ​ ​ស្មារតី​ក្រុម​ ​មិត្តភាព​ និង​​​សហការ​ក្រុម។
គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​​បាន​ឲ្យ​ដឹង​ថា​ លោក​បាន​ស្គាល់​យ៉ាង​ច្បាស់​ពី​ក្រុម​បឹងកេត​អង្គរ​ដែល​ជា​ជើង​ឯក​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ និង​ជា​ក្រុម​ខ្លាំង​មួយ។ ​និយាយ​ពី​កីឡាករ​វិញ​ ក្រុម​កម្ពុជា​មួយ​នេះ​​មាន​ខ្សែ​ការពារ​ល្អ​ ខ្សែ​ប្រយុទ្ធ​ល្អ​ និង​អ្នក​ចាំ​ទី​ក៏​ល្អ​​ដូច​ជា​ ឃួន​ ឡាបូរ៉ាវី​ ​ស៊ូ យ៉ាទី​ និង​ ចាន់ វឌ្ឍនាកា​​ ​ដែល​ជា​ Super Star ប្រចាំ​ក្រុម​​ និង​ជម្រើស​ជាតិ​កម្ពុជា​ ព្រម​ទាំង​កីឡាករ​​ល្អ​ៗ​ជា​ច្រើន​រាប់​បញ្ចូល​ទាំង​កីឡាករ​បរទេស។
​លើស​ពី​នេះ​ទៀត​ គ្រូ​បង្វឹក​អាយុ​៤៣​ឆ្នាំ​​រូប​នេះ​បញ្ជាក់​ថា មែន​ទែន​ទៅ​ក្រុម​​បឹងកេត​អង្គរ​មាន​ប្រៀប​ស្ទើរ​ទាំង​ព្រម​សម្រាប់​ការ​ប្រកួត​ល្ងាច​នេះ។ ​បឹងកេត​អង្គរ​មាន​អំណោយ​ផល​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ លេង​នៅ​លើ​ទី​លាន​សិប្បនិម្មិត​ដែល​ក្រុម​ម្ចាស់​ផ្ទះ​ស្គាល់​ច្បាស់​។ ទោះ​បី​ជា​យ៉ាង​ណា​ ​ក្រុម​របស់​លោក​មក​ទី​នេះ​ដើម្បី​លេង​យក​ជ័យជម្នះ​​​ដែល​​ត្រូវ​ប្រកាន់​យក​គន្លឹះ​ទាំង​៣​គឺ​ ស្មារតី​ក្រុម មិត្តភាព​ និង​សហការ​ក្រុម។
ចំពោះ​លោក​ ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​បឹងកេត​អង្គរ​បាន​ប្រាប់​ថា​ លោក​មិន​​អាច​និយាយ​បាន​​ថា​តើ​ប៉ុន្មាន​ភាគ​រយ​ដែល​ក្រុម​របស់​លោក​អាច​ទទួល​បាន​ជ័យជម្នះ​​ ប៉ុន្តែ​​​ទុក​ឲ្យ​បង​ប្អូន​​អ្នក​សារព័ត៌មាន ក៏​ដូច​ជា​​អ្នក​គាំទ្រ​ជា​​អ្នក​កំណត់​ភាគ​រយ​វិញ។ ការ​ប្រកួត​នេះ​​នឹង​លំបាក​សម្រាប់​បឹងកេត​ ពី​ព្រោះ​បឹងកេត​មាន​កីឡាករ​សំខាន់​ៗ​របួស​ច្រើន។ លោក​​បាន​កត់​សំគាល់​ឃើញ​ថា ក្រុម​ Lanexang United ពិត​ជា​ល្អ​​ដោយ​ការ​ប្រកួត​កន្លង​មក​ ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​នេះ​​បញ្ចប់​ទី​បាន​ល្អ។ កីឡាករ​របស់​ក្រុម​ឡាវ​នេះ​​លោកបាន​ស្គាល់​ច្បាស់​ ហើយ​អ្នកគាំទ្រ​កម្ពុជា​ក៏​បាន​ស្គាល់​ច្រើន​ដែរ​​នៅ​ពេល​ពួក​គេ​ជា​ Lao All Stars មក​លេង​ជា​មួយ​ Cambodian All Stars។ ដូច្នេះ​សង្ឃឹម​ថា ការ​ប្រកួត​ថ្ងៃ​ស្អែក​ពិត​ជា​​អស្ចារ្យ​សម្រាប់​ក្រុម​ទាំង​ពីរ​ និង​អ្នក​គាំទ្រ៕
លោក ប្រាក់ សុវណ្ណារ៉ា​ គ្រូ​បង្វឹក​បឹងកេត​

Share on Google Plus

About New Movie

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment
loading...