ហង្សក្រហម Liverpool បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនទៅលើខ្សែប្រយុទ្ធរបស់ក្លឹប Paris St Germain កីឡាករ Jese Rodriguez។ នេះបើយោងតាមសម្តីរបស់មិត្តរួមសញ្ជាតិរបស់គាត់មួយរូប។
អតីតតារាបាល់ទាត់របស់ក្រុមអធិរាជស Real Madrid រូបនេះ អាចនឹងចាកចេញពីទឹកដី Parc de Princes ក្នុងទីផ្សារខែមករាខាងមុខ ត្រឹមពេលប្រាំខែប៉ុណ្ណោះបន្ទាប់ពីគាត់បានធ្វើដំណើរចាកចេញពីទឹកដី Bernabeu។
ក្នុងចំណោមក្លឹបដែលបង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករយុវជនអេស្ប៉ាញរូបនេះ ក៏មានក្លឹប La Palmas ផងដែរ ដែលជាក្លឹបកំណើតរបស់គាត់។ ទោះជាយ៉ាងក្តីក្លឹបមកពីលីកកំពូលអេស្ប៉ាញ La Liga មួយនេះ ប្រហែលជាមិនអាចសម្របទៅនឹងតម្លៃប្រាក់ឈ្នួលរបស់កីឡាករវ័យ ២៣ឆ្នាំរូបនេះបានឡើយ ដែលប្រធានក្លឹបលោក Angel Ramirez បានអះអាងយ៉ាងដូច្នេះ។
លោក Ramirez ក៏បានធ្លោយមាត់ក្នុងការបង្ហើបពីចំណាប់អារម្មណ៍បង្ហាញដោយ Liverpool និងក្លឹបយក្សក្នុងតំបន់អឺរ៉ុបមួយចំនួនទៀតផងដែរ។
អ្នកចាត់ការទូទៅរបស់ហង្សក្រហម លោក Jurgen Klopp កំពុងឃ្លាំមើលកីឡាករដែលអាចជំនួសតំណែងរបស់តួអង្គដ៏សំខាន់របស់ក្លឹប Sadio Mane ខណៈដែលខែក្រោយនេះគាត់នឹងចាកចេញពីក្លឹបដើម្បីបំពេញកាតព្វកិច្ចបាល់ទាត់អន្តរជាតិនៅឯព្រឹត្តិការណ៍ពានអាហ្វ្រិក African Cup of Nations ។ ហង្សក្រហមក៏បានផ្សាភ្ជាប់ទំនាក់ទំនងជាមួយនឹងខ្សែប្រយុទ្ធស្លាប Alex Oxlade-Chamberlain របស់កាំភ្លើងធំ Arsenal ផងដែរ៕
Blogger Comment
Facebook Comment